ចំនួនអ្នកទស្សនា:
Views
ចេញផ្សាយដោយ: WWW.RMR-NEWS.COM on June 02, 2022
(ព្រះសីហនុ)៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ អគារតេជោព្យាបាលជំងឺកូវីដ-១៩ បានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងក្រុមគ្រូពេទ្យ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានកម្ពស់ ០១ជាន់ ធ្វើគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រ អាចដាក់បានគ្រែសរុប ២២៩គ្រែ ក្នុងនោះគ្រែអ្នកជំងឺស្រាល ១៤៣គ្រែ អ្នកជំងឺធ្ងន់ ៥៧គ្រែ និងសង្រ្គោះបន្ទាន់ ២៩គ្រែ។
ក្នុងឱកាសចុះពិនិត្យ និងប្រគល់អគារតេជោព្យាបាលជំងឺកូវីដ-១៩ និងការពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឯកឧត្តម គួច ចំរើន ក៏បានធ្វើការប្រគល់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ ទោះបីបងប្អូនប្រជាពលរដ្ឋក្រីក្រ ឬអ្នកមានក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាលបានដូចគ្នា។ ដោយសារតែអគារកន្លងមកនៅពេលមានអ្នកជំងឺចូលមកច្រើន មិនមានគ្រែសម្រាប់ទទួលអ្នកជំងឺ បណ្តាលឱ្យអ្នកជំងឺខ្លះអាចដេកនៅតាមផ្លូវដើរ ហើយម្យ៉ាងទៀតដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងនៅព្រះរាជាណាចក្រកម្ពុជា មិនមានការឆ្លងរយៈពេលជិតមួយខែមកនេះ ទើបយើងយកអគារនេះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋរបស់យើង ទោះបីជំងឺកូវីដ-១៩មិនមានការឆ្លងក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ។ អគារតេជោនេះ មានបន្ទប់ធំទូលាយ មានបំពាក់នូវឧបករណ៍ជំនួយដង្ហើម សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ និងមានលក្ខណៈទំនើបទាន់សម័យ។
ឯកឧត្តម អភិបាលខេត្តសង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរការអគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកចម្ការចេករបស់យើង កាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនោះឯកឧត្តម ក៏បានណែនាំក្រុមគ្រូពេទ្យត្រូវតែខិតខំ ជួយពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា អគារតេជោព្យាបាលជំងឺកូវីដ-១៩នេះ គឺជាគំនិតផ្តួចផ្តើមសាងសង់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ ពីបងប្អូនសប្បុរសជននានាក្នុងខេត្ត និងក្រៅខេត្តផងដែរ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា
0 comments:
Post a Comment