ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។ នាឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្តេចជានាយករដ្ឋមន្រ្តីកម្ពុជាស្របច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី។សម្តេចបានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មសម្តែងមតិប្រឆាំងសម្តេច នៅថ្ងៃស្អែក ត្រូវគិតពីមុខមាត់ជាតិ និងកុំឱ្យរំលោភច្បាប់របស់ប្រទេសជប៉ុន ប្រយ័ត្នប៉ះពាល់ដលជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុកដល់កូន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ។ មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចធិបតីបានថ្លែងថា ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ សម្តេចនឹងសម្ពោធផែទឹកជ្រៅ នៅខេត្តព្រះសីហនុ។ ទស្សនកិច្ចសម្តេចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេខាងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ គឺផ្សព្វផ្សាយពីកម្ពុជា យើងមានផលិតផលត្រូវតែដើរផ្សព្វផ្សាយប្រាប់គេឱ្យដឹង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គោលដៅអាទិភាព៣ក្នុងចំណោម៥ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីក្រុមហ៊ុនវីនគ្រុបលើកសំណើបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា វាជារឿងរបស់ក្រុមហ៊ុន ប៉ុន្តែសិទ្ធិក្នុងការអនុញ្ញាតឱ្យបើក ឬមិនបើក ជារឿងរបស់រដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលបានមិនអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប បើកដំណើរការរថយន្តអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជួយបងប្អូនអ្នករត់តុតុ។
សម្តេចធិបតី បានប្រាប់ទៅអ្នករត់កង់បី និងតុតុ កុំឱ្យមានការព្រួយបារម្ភចំពោះរឿងតាក់ស៊ីរបស់វៀតណាម
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៉ី ស្ងាត់ជ្រាប ក្រោយពេលសម្តេចបង្ហាញនិក្ខេបបទថ្នាក់បណ្ឌិត ដែលអាចមានមូលហេតុពីរ ទី១. គឺនិក្ខេបបទនោះល្អ ទី២. គឺគាត់មិនយល់អំពីនិក្ខេបបទ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាថាកម្ពុជារណបប្រទេសនេះ ប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធានឲ្យបានកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតឱ្យកម្ពុជា ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម។ សម្តេចធិបតី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុននៅប្រទេសជប៉ុន ឱ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា។ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ ឱ្យកាន់តែទាបជាបច្ចុប្បន្ន។ រដ្ឋាភិបាលអាណត្តិថ្មីនេះ អត់ដេកទេ គឺដើរទៅមុខជានិច្ចដើម្បីបងប្អូនប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេសសិក្សា ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅអូសាកា នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលករ និងពលរដ្ឋខ្មែរ។ សម្រាប់ពលករ និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលចង់បន្តប៉ាស្ព័រ អាចទៅធ្វើនៅស្ថានទូតខ្មែរ ក្នុងប្រទេសកូរ៉េបាន ដោយមិនបាច់ចាំចំណាយថវិកាច្រើន ហោះទៅកាន់ប្រទេសកម្ពុជា។
សម្តេចធិបតី បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រលាញ់សាសន៍ផ្សេងៗ៕
0 comments:
Post a Comment