{កំពង់ស្ពឺ} ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រះស្រែ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ដេីម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពី អភិបាលរងក្រុង មន្រ្ដីជំនាញមន្ទីរពាក់ព័ន្ធជុំវិញក្រុង និងប្រជាពលរដ្ឋសរុបជាង ៣០០នាក់។
ក្នុងឱកាសវេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ចូលរួមជួយដោះស្រាយសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិទាំង៥ នៃសង្កាត់ព្រះស្រែ។
ឯកឧត្ដម បានបន្ដថា បញ្ហានានា សូមឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្វែងរកដំណោះស្រាយ ហេីយសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ឱ្យបានខ្ពស់លេីបញ្ហា សុខភាព បរិស្ថានរស់នៅ ការទុកដាក់សំរាម និងការកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយឱ្យបាននូវផលប៉ះពាល់ នៃការដុតសំណល់ប្លាស្ទិក។
ឯកឧត្ដម បានគូសបញ្ជាក់ទៀតថា អាជ្ញាធរក្នុងមូលដ្ឋាន ត្រូវតែធ្វើឱ្យបាន និងអនុវត្តឱ្យភូមិឃុំ មានសុវត្ថិភាព ដេីម្បីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ទទួលបានសុខសុវត្ថិភាព និងគ្មានបញ្ហាគ្រឿងញៀន ដែលបំផ្លាញសង្គមជាតិ៕
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជេីញជាអធិបតីក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់ព្រះស្រែ