{ស្ទឹងត្រែង}៖ ជាប្រតិបត្តិការមួយដ៏ធំ ចាប់ខ្លួនមេខ្លោងដែលបង្កព្យុះភ្លៀង កៀគរប្រជាពលរដ្ឋស្លូតត្រង់ ចូលទៅកាប់រុករាន ទន្ទ្រានដីរបស់រដ្ឋ ស្ថិតនៅតំបន់ ព្រៃក្រឡាពស់ ស្រុកសេនសាន ខេត្ដស្ទឹងត្រែង រួមទាំងដកហូតដីចំនួនជាង ៧ពាន់ហិកតា មកគ្រប់គ្រងជាសម្បត្ដិរដ្ឋវិញ។
នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូង កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ធក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជីវកម្ម ទិញ លក់ យ៉ាងអនាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រ ទឹកដីនៃស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង។ នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារទទួលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧.០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់ដើរកៀរគរ បោកបញ្ឆោត បងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ដោយមេខ្យល់សន្យាថា នឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលជាសុទ្ធជាដីមានប្លង់ត្រឹមត្រូវ និងដីខ្លះកំពុងរត់ប្លង់ដើម្បីឲ្យបានស្របច្បាប់ ។
លោកបណ្ឌិតសង្កត់ធ្ងន់ថា នេះគឺជាកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យវិនាសកម្មបាត់បង់នូវព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។លោកថា បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាតច្រើនជាងនេះ រហូតបាត់បង់ព្រៃឈើជាង១២.០០០ហិកតាឯណោះ។
ឆ្លើយតបចំពោះសំនួរអ្នកសារព័ត៌មាន ដែលថា មានប្រភពខ្លះបាននិយាយថា ជុំវិញការចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅពេលនេះ នឹងមានកិច្ចអន្តរាគមន៍ឲ្យដោះលែងវិញក្នុងឆាប់ៗ តើពិតមែនទេ? ត្រង់ចំណុចនេះ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានឆ្លើតបថា នេះគ្រាន់ជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ ។តែទោះយ៉ាងណាលោកណ្ឌិតឆ្លើយថា យើងរង់ចាំមើលទាំងអស់គ្នា តើមាននរណាហ៊ានចេញមុខអន្តរាគមន៍ឲ្យដោះលែងជនសង្ស័យជាមេខ្លោងកាប់បំផ្លាញ់ព្រៃឈើទាំងនេះឲ្យនៅក្រៅសំណាញ់ច្បាប់ឬអត់ ?លោកបណ្ឌិតបានបញ្ជាក់បន្តែមដែរថា មិនថាឡើយតែមេខ្លោងទាំង១០រូបដែលចាប់ខ្លួនបាននោះទេ សូម្បីតែមេខ្លោងដែលកំពុងរត់គេចខ្លួន ក៏សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
ដើម្បីទប់ស្កាត់កុំឲ្យមានចលនាមេខ្លោងកៀរគរប្រជាពលរដ្ឋស្លូតត្រង់ឲ្យចាញ់បោកមេខ្យល់ក្នុងរូបភាពដដែលៗបែបនេះ កើតឡើងជាថ្មីម្តងទៀត លោកបណ្ឌិតបញ្ជាក់ថា អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នឹងចាត់កម្លាំងឲ្យនៅចាំឃ្លាំមើលថែរក្សាការពារតំបន់នេះ មិនឲ្យកើតរឿងបែបនេះសារជាថ្មីម្ដងទៀតនោះទេ ។ហើយចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលចាញ់បោកក្រុមមេខ្យល់ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតវិញ នឹងមួយចំនួនទៀត អាជ្ញាធរស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ កំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ ។
សូមបញ្ជាក់ថា ក្រុមការងារបានរំដោះដីព្រៃដែលរងការកាប់ទន្ទ្រានបានជាង៧.០០០ហិកតា យកមកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ និងចាប់ខ្លួនមេខ្លោងបាន១០នាក់ដែលជាខ្មែរ-អ៊ិស្លាម និងបន្ដធ្វេីការបង្រ្កាប និងរំដោះដីដែលជាសម្បត្តិរបស់បន្ថែមទៀត នៅតាមតំបន់នានា ក្នុងព្រះរាជាណាចក្រ។
អត្ថបទ៖ និន្ទចា
0 comments:
Post a Comment