នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា និងសហការី បានទទួលជួបធុរជន និងក្រុមការងាររបស់សមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (ព.ក.រ) ដែលដឹកនាំដោយ លោកបណ្ឌិត ញិល រដ្ឋា ក្រោមប្រធានបទ «ការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ» នៅក្នុងកាជំនូបដែលមានរយះពេលមួយម៉ោងពេញ ភាគីទាំងពីរបានលើកយករបៀបវារៈចំនួន ៤ មកពិភាក្សាដូចជា៖
១. ការប្រើប្រាស់យន្តការស្ថានទូតដែលមានស្រាប់ និងបន្ថែម ព.ក.រ ដើម្បីជួយសម្របសម្រួលក្នុងទិសដៅបង្កើនសកម្មភាពពាណិជ្ជកម្ម កម្ពុជា-រុស្ស៊ីចាប់ពីកម្រិតតូច មធ្យម និងខ្ពស់ជាងនេះ។
២. ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-រុស្ស៊ី ឬ វេទិកាពាក់ព័ន្ធនានានៅសហព័ន្ធរុស្ស៊ី ឬព្រះរាជាណាចក្រកម្ពុជាតាមរយៈយន្តការស្ថានទូត និង ព.ក.រ យ៉ាងតិចម្តងក្នុងមួយឆ្នាំ ។
៣. ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់ និងសិក្សាអំពីយន្តការហិរញ្ញវត្ថុថ្មីសម្រាប់ជួយសម្រួលការដោះដូររវាង កម្ពុជា-រុស្ស៊ី ជាពិសេសការប្រើប្រាស់ ប្រព័ន្ធ MIR ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរណ៍រុស្សីនៅកម្ពុជា ។
៤. ការពិនិត្យលទ្ធភាពរួមគ្នាក្នុងការកែសម្រួលឬរៀបចំថ្មីនូវប្រព័ន្ធដឹកជញ្ជូន និង ជាពិសេសការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរ ដោយមានដូចជាជើងយន្តហោះដឹកអ្នកដំណើរពិសេសតាមរដូវកាល ឬប្រើប្រាស់ម៉ូឌែលឡាវ ឬមីយ៉ាន់ម៉ា ឬការហោះរួមគ្នា ម៉ូស្គូ-ភ្នំពេញ-ហូជីម៉ិញ និងត្រឡប់វិញ។
ភាគីទាំងពីរបានឯកភាពគ្នាចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលចេញពីការងារតូចឡើងទៅ ក្នុងការងារសហកា រវាងប្រទេសទាំងពីរបានយ៉ាងល្អប្រសើរ ក្នុងការស្វែងរកយន្តការទ្វេរភាគីក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ហិរញ្ញវត្ថុ និងការវិនិយោគ ៕
0 comments:
Post a Comment